រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនល្មមដល់ពេលដាក់មន្ត្រីជំនាញចុះត្រួតពិនិត្យឱ្យស៊ីជម្រៅប្រធាននិងអនុប្រធានស្ថានីយ៍ថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ 1 ភូមិក្រសារជេទ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង និងបក្ខពួកសហការគ្នាប្រព្រឹត្តអំពើពុករលួយមិនញញើតអ្វីទាំងអស់ !
ក្រុមអ្នករកស៊ីដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ1តែងតែរអ៊ូរទាំអំពីករណីមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តចំណុចឃុំរំចេកស្រុកព្រះស្ដេចថាឡានក៏ថ្លឹង, លុយក៏ថ្លឹង ទោះបីជាមិនលើសទម្ងន់ក៏បងៗដែលប្រចាំការនៅទីនោះសុំលុយថ្លៃបាយទឹកនិងកាហ្វេផងដែរ វាក្លាយទៅជាទម្លាប់ដែលគួរឲ្យស្អប់ខ្ពើម និងថាតើពួកមន្ត្រីទាំងនោះមកធ្វើការ មិនបានទទួលប្រាក់បៀវត្សពីរដ្ឋាភិបាលទេឬ?
ក្រុមមន្ត្រីនៅមន្ទីរនេះបាននិយាយថា ដោយមានការឃុបឃិតគ្នាពីថ្នាក់ដឹកនាំមន្ទីរ ទើបក្រុមមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្តឃុំរំចេកស្រុកព្រះស្ដេច រកវិធីគ្រប់បែបយ៉ាងដើម្បីប្រមូលប្រាក់ឲ្យបានច្រើន ពីព្រោះវាជាមុខមាត់របស់ស្ថានីយផង និងមានចំណូលដាក់ក្នុងហោប៉ៅបានច្រើនផង។
ក្រុមអ្នកបើករថយន្តភាគច្រើនបានព្យាយាមគេចវាងតាមផ្លូវផ្សេងពីព្រោះតែមន្ត្រីនៅប្រចាំការនៅស្ថានីយមួយនេះទារលុយច្រើនៗពេកបើទោះប្បីជាមានការលើសទម្ងន់បន្តិចបន្តួចក៏ដោយជាងនេះទៅទៀតបើទោះប្បី ជាមិនលើសទម្ងន់ក៏មន្ត្រីនៅទីនោះហាមាត់លូកដៃសុំលុយថ្លៃបាយទឹកកាហ្វេប្រចាំថ្ងៃនោះដែរ ក្រុមអ្នករកស៊ីដឹកទំនិញទទួលស្គាល់ថា ការដឹកជញ្ជូនអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោននោះទេ រីឯពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្ត រំចេកនេះបន់ឲ្យតែមានរថយន្តលើសទម្ងន់ដើម្បីសង្កត់ក យកលុយតែប៉ុណ្ណោះ។
រឿងពួកមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្ត នៅលើផ្លូវជាតិលេខ 1នៅចំណុចឃុំរំចេកនេះពិតជាបង្កឲ្យមានការក្តៅ ក្រហាយដល់អ្នករកស៊ីដឹកទំនិញនានាហើយជាពិសេសពួកអ្នកដឹកទំនិញមួយចំនួនឆ្លៀតឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យផ្លូវដទៃខូចខាត។ រីឯក្រុមមន្ត្រីដែលប្រចាំការនៅទីនោះគឺដឹងតែពីយកលុយ ទោះប្បីជាមិនលើសទម្ងន់ឬលើសតិចតួចក៏ដោយ អ្វីដែលសំខាន់នៅពេលដែលពួកគេរកលុយបានច្រើនគឺជាមោទនភាពដោយមិនដឹងថាលុយដែលបានច្រើនគឺជាការបំផ្លាញផ្លូវនោះទេ ៕