អង្គភាពប្រឆាំងអំពើពុករលួយគូរដាក់ មន្ត្រីជំនាញចុះសិក្សាស្រាវជ្រាវ មេគយច្រកដូនរ័ត្ន និងសមត្ថកិច្ចពាក់ពន្ធបើកបារ៉ាសឲ្យរថយន្តធុនយក្សដឹកជ័រកៅស៊ូស្អុយរាប់រយតោនទៅប្រទេសវៀតណាម រាល់ថ្ងៃ
ទោះបីជាមានការរឹតបន្តឹងនៅតាមច្រកទ្វារទ្វេភាគីកម្ពុជា -វៀតណាម ដើម្បីទប់ស្កាត់នាំទំនិញគេចពន្ធចេញចូល ប៉ុន្តែយ៉ាងណា នៅតែមានការដឹកជញ្ជូនចេញតាមច្រករបៀង និងច្រកទ្វេភាគីជារឿយៗ មិនដែលខាន។ ជាក់ស្ដែងនៅច្រកដូនរ័ត្ន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ គេសង្កេតឃើញនៅតាមដងផ្លូវក្រាលកៅស៊ូ តភ្ជាប់ពីលេខ៧ មកដល់ព្រំដែនវៀតណាម គឺមានរថយន្តខ្នាតយក្សធំៗដឹកជ័រកៅស៊ូស្អុយចេញទៅកាន់ប្រទេសវៀតណាមយ៉ាងរំភើយ ឆ្លងកាត់ច្រកទ្វេភាគីនេះយ៉ាងស្រួល។
ប្រភពរាយការណ៍ថា គយច្រកដូនរត្ឋលោក គង់ សារឿន គឺជាអ្នកចាត់ចែងធំបំផុតក្នុងផលប្រយោជន៍ អំពីបញ្ហាជ័រកៅស៊ូនិងផលិតផលទំនិញផ្សេងៗចេញ-ចូលតាមច្រកដូនរត្ឋនេះ។ អ្នកដែលអស់លោកមន្ត្រីគយទទួលបានផលប្រយោជន៍ គឺគេអនុញ្ញាតឲ្យឆ្លងដែន ដោយស្រួល ប៉ុន្តែអ្នកដែលមិនបានផលប្រយោជន៍ មុខជាត្រូវឲ្យត្រឡប់ថយក្រោយយកជ័រស្អុយទៅលក់ឲ្យរោងចក្រមួយកន្លែងនៅឯស្រុកតំបែរមិនខានឡើយ។ គេតែងតែឃើញទិដ្ឋភាពយ៉ាងដូច្នេះកើតមាននៅច្រកដូនរត្ឋ ជារៀងរាល់ថ្ងៃ។
ប្រជាពលរដ្ឋនៅតំបន់នោះបានឲ្យដឹងថា តាមផ្លូវក្រាលកៅស៊ូក្នុងឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កន្លងទៅគេសង្កេតឃើញឈ្មួញដឹកជ័រកៅស៊ូស្អុយដែលមើលទៅជាលក្ខណៈគ្រួសារ យកទៅលក់នៅប្រទេសវៀតណាម ចេញតាមច្រកដូនរ័ត្ន ដោយមិនមានការរារាំងណាមួយពីកម្លាំងមន្ត្រីសមត្ថកិច្ច ក៏ដូចជាកម្លាំងគយប្រចាំច្រកនោះទេ ដោយគេលើកហេតុផលថា លក្ខណៈតូចតាចគ្រួសារតែប៉ុណ្ណោះដែលពលរដ្ឋលក់គ្រាន់បានលុយដោះស្រាយ ជីវភាពគ្រួសារ។
តាមប្រភពច្បាស់ការណ៍ទម្លាយឲ្យដឹងថា ជាក់ស្ដែងមានរថយន្តវេរអង្គខ្នាតយក្សចំនួន២គ្រឿង ដឹកជ័រកៅស៊ូស្អុយ រាប់រយតោនចេញពីប្រទេសកម្ពុជា ដោយបើកតាមផ្លូវក្រាលកៅស៊ូកាលពីថ្មីៗនេះ ដោយចេញទៅបន្តបន្ទាប់គ្នា។ នៅតាមដងផ្លូវគេឃើញមានកម្លាំងសមត្ថកិច្ចបានឲ្យរថយន្តដឹកជ័រកៅស៊ូនេះឈប់ហើយថតរូប បន្ទាប់មកអនុញ្ញាតឱ្យរថយន្តនេះបន្តដំណើរទៅមុខទៀត។ គេឃើញមានកម្លាំងសមត្ថកិច្ចក៏ដូចជាគយប្រចាំច្រកដូនរត្ន័ បានបើកបារ៉ាស់ចំហយ៉ាងធំដោយឱ្យរថយន្តដឹកជ័រកៅស៊ូដែលមិនទាន់កែច្នៃនេះ ចូលទៅក្នុងប្រទេសវៀតណាម យ៉ាងរំភើយតែម្ដង គឺមិនមានការទប់ស្កាត់នោះទេ។
សូមបញ្ជាក់ថា កន្លងមកមានរថយន្តដឹកជ័រកៅស៊ូធុនតូចជាងនេះចំនួនពីរថយន្តបម្រុងនឹងឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាមតាមច្រកក្នុងស្រុកមេមត់ តែត្រូវបានកម្លាំងជំនាញគយ បានឃាត់រថយន្តទាំងពីរគ្រឿងមិនឲ្យចេញទៅវៀតណាមនោះទេ ហើយបានឲ្យម្ចាស់ជ័រ កៅស៊ូនាំយកមកលក់នៅសិប្បកម្មកែច្នៃកៅស៊ូក្រែបមួយកន្លែងក្នុងស្រុកតំបែរ ដោយតម្រូវឲ្យចេញជាកៅស៊ូក្រែបសិនទើបអនុញ្ញាតឲ្យចេញទៅវៀតណាម៕