ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញចុះត្រួតពិនិត្យការហ្វឹកហាត់ត្រៀមបើកវគ្គសិក្សា នៅភ្នំជុំសែនរីករាយ! ចេញផ្សាយ÷06/10/2024 (ដោយ ស៊ីស៊ីអិន)

http://www.nkvtvonline.net /ទូរស័ព្ទទំនាក់ទំនង ÷017391945/011391945/012391945/
092391945/0885391945/098391945

ខេត្តកំពង់ឆ្នាំង ៖ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃអាទិត្យ ៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្ថិតក្នុងភូមិសាស្ត្រ ភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យការងារហ្វឹកហាត់សមដើម្បីរៀបចំបើកវគ្គវិក្រឹត្យការគរុកោសល្យ និងនាយទាហានគ្រប់គ្រង ជំនាន់ទី៣ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ស្អែកនេះ។ ពិធីបើកវគ្គនេះនឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការអញ្ជើញចូលរួមពីមេបញ្ជាការរង នាយសេនាធិការរង ស្នងការស្នងការដ្ឋានទាំង៧ និងនាយការិយាល័យជំនាញផងដែរ។

កងរាជអាវុធហត្ថដែលជាផ្នែកមួយរបស់កងយោធពលខេមរភូមិន្ទ តែងតែចាត់ទុកការងារហ្វឹកហ្វឺនគឺជាការងារអាទិភាពចំបងដើម្បីបង្កើនចំណេះដឹង ពង្រឹងសមត្ថភាព គុណភាពនាយទាហាននៃកងរាជអាវុធហត្ថ និងសម្រាប់ការធ្វើកំណែទម្រង់ស្ថាប័នកងរាជអាវុធហត្ថ។

វគ្គវិក្រឹត្យការគរុកោសល្យ និងនាយទាហានគ្រប់គ្រងជំនាន់ទី៣ មានសិក្ខាកាមចូលហ្វឹកហ្វឺនចំនួន៨៨នាក់ រយះពេលហ្វឹកហ្វឺនរួមចំនួន២០ថ្ងៃកន្លះ ស្មើនឹង១៤៣ម៉ោង និងខ្លឹមសារមេរៀនផ្តោតទៅលើមុខវិជ្ជាលំហាត់របៀប មុខវិជ្ជាគ្រប់គ្រង មុខវិជ្ជាអប់រំនយោបាយចិត្តសាស្ត្រ និងការហ្វឹកហាត់កីឡា។