​រដ្ឋាភិបាល​អាណត្តិ​ទី​៧ គួរ​ដាក់​មន្ត្រី​ជំនាញ​អង្គភាព​ប្រឆាំង​អំពេីពុករលួយ ចុះ​សិក្សា​ស្រាវជ្រាវ លោក ម៉ឹង ដា​វីន មេ​ការិយាល័យ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុង ពង្រាយ​មន្ត្រី​គយ និង​ប្រើ​ជន​សុីវិល អង្គុយចាំ​រាប់​ក្បាល​ឡាន ឈ្មួញ​តូច ធំ ដឹក​ជញ្ជួន​តំឡូង​មី ទៅ​ប្រទេស​វៀតណាម និង​ទំនិញ​ខុសច្បាប់​ចេញពី​ប្រទេស​វៀតណាម​ចូល​មក​ប្រទេស​ខ្មែរ​អោយ​បង់លុយ​តាម​ការកំណត់​.!

ប្រភព​ពី​អាជីវករ​និង​ឈ្មួញ​ឲ្យដឹងថា លោក មុឹង ដា​វីន ឡើងកាន់តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុង ការ​កំណែ ទម្រង់​ដើម្បី​ប្រមូល​ចំណូល​ក៏​បាន​ចាប់ផ្ដើម​ក្នុង​នោះ​មាន​ទាំង​ការប្រើ​កម្លាំង ជន​ស៊ីវិល​ដើម្បី​រក​ប្រាក់​និង ប្រើ​ឈ្មោះ​មន្ត្រី​គយ​ធំៗ​នៅ​អគ្គនាយក​គយ​និង​រដ្ឋាករ​កម្ពុជា គំរាមកំហែង​អ្នករកស៊ី​ដឹក ទំនិញ​មក​បិទបាំង​ភាពមិនប្រក្រតី​ប្រព្រឹត្ត​របៀប​ពុករលួយ​របស់ខ្លួន​។ ក្រុម​អ្នករកស៊ី​មិន​ហ៊ាន​រឿង​ទទឹង​ចំពោះ​គយ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំងផ្លុង​នោះទេ ពីព្រោះ​បើ​ហ៊ាន​តែ​រឹងទទឹង​មុខជា​ត្រូវ គយ​ចាប់​ផាកពិន័យ​បង់គុណ​ជាច្រើន​ដង​មិន​ខាន​។ ដូច្នេះ​មាន តែ​បង់លុយ​ជូន​ក្រុម​គយ នៅ​ត្រពាំងផ្លុង​ទៅ​តាម​អ្វី​ដែល​ពួក​គេ​ទាមទារ​តែប៉ុណ្ណោះ​។​

​ទំនិញ​ភាគច្រើន​ដែល​ឆ្លង​ដែន​ពី​ប្រទេស​វៀតណាម ចូល​កម្ពុជា គឺ​មាន​ប្រភព​មក​ពី​ប្រទេស​ចិន ក្រុម​អ្នករកស៊ី​នាំ​ទំនិញ​ពី​ប្រទេស​ចិន ឆ្លងកាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ថ្លុង ទាំងយប់ ទាំង​ថ្ងៃ យ៉ាង​គគ្រឹកគគ្រេង​មាន​ទំនិញ​បង្កប់​និង​ទំនិញ​ខុសច្បាប់ ជាច្រើន​ប្រភេទ ដែល​សម្រុកចូល​តាម​ច្រក​នេះ ដោយ​គ្មាន​ការត្រួតពិនិត្យ​អ្វី​ឡើយ គឺ​គេ​ឃើញ​តែ​ឈ្មួញ​ទាំងនោះ​បង់លុយ​ឲ្យ​មន្ត្រី​គយ និង​ភ្នាក់ងារ​គយ​ក្រោម​ការបង្គាប់បញ្ជា​កំណត់​ពី​មេ​ការិយាល័យ​គយ ជា​ការ​ស្រេច​តែម្តង​។ ក្រុម​អ្នករកស៊ី​ទទួលស្គាល់ថា បើ​ទំនិញ​របស់​ពួក​ខ្លួន​បង់ពន្ធ ១០០% នោះ​ពិតជា​លំបាក​ខ្លាំង ប៉ុន្តែ​ក៏​មាន​ការសម្របសម្រួល​ពី​មន្ត្រី​គយ​ដោយ​បង់​តែ​ពាក់ កណ្ដាល ហើយ​មួយចំណែក​ក៏​ត្រូវ​ជូន​សា​គុន ដល់​ពួក​គយ​ទាំងនោះ​ផង​ដែរ​។ មេ​គយ​ត្រពាំង​ផ្លុង លោក មុឹង ដា​វីន ឡើងកាន់តំណែង​ថ្មី កំពុង​ខំប្រឹង​ប្រមូល​លុយ​គ្រប់​រូបភាព ហ៊ាន​ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត ដោយ​មាន​ការឃុបឃិត​ជាមួយ​ឈ្មួញ​ធំៗ ដែល​នាំ​ទំនិញ​គ្រប់​ប្រភេទ​ចូល​ពី​ប្រទេស​ចិន ឆ្លងកាត់​ប្រទេស​វៀតណាម​តាម​ច្រក​មួយ​នេះ​ទាំង​យប់​ទាំង​ថ្ងៃ បើកដៃ​ឲ្យ​ឈ្មួញ​ទាំងនោះ​បង់ពន្ធ​គយ​តាមរបៀប​ម៉ៅការ​ប៉ុណ្ណោះ​។

​ពន្ធ​ម៉ៅការ​នេះ​គឺថា ស្ទើរ​មិន​បាន​ពី​៤៥​ភាគរយ ទៅ​៥០​ភាគរយ​នោះ​ទេ ថែម​ទាំង​បើកដៃ​ឲ្យ​ឈ្មួញ​ទាំងនោះ​នាំចូល​ទំនិញ​គេច​ពន្ធ​, ទំនិញ​បង់ពន្ធ​ស្ទើរ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ហូរ​ចូល​ពី​ប្រទេស​វៀតណាម តាម​ច្រកទ្វារ​អន្តរជាតិ​មួយ​នេះ​កាន់តែ​ច្រើនឡើងៗ​។​ការប្រព្រឹត្ត​របៀប​អំពើពុករលួយ​របស់​លោក មុឹង ដា​វីន ព្រោះ​មាន​ខ្នងបង្អែក​ដ៏​រឹងមាំ​ដែល​ចាំ​ការពារ និង​ជួយ​បិទបាំង​នៅ​អគ្គនាយក​គយ​និង​រដ្ឋាករ​កម្ពុជា ទៀតផង ទើប​បុគ្គល​នេះ ហ៊ាន​ប្រព្រឹត្ត​របៀប​ពុក​រលួយ​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។​

​ប្រភព​ពី​សមត្ថកិច្ច​នៅ​ច្រកព្រំដែន​ត្រពាំង​ផ្លុង ខ្សិប​បង្ហើប​ឲ្យដឹងថា លោក ម៉ឹង ដា​វីន បាន​ឲ្យ​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​រួម​និង​ជន​ស៊ីវិល ដើរ​គាបសង្កត់​ជម្រិត​កោសរូស​ទារលុយ​ថ្លៃ​បាយ ថ្លៃ​ទឹក បង្កើន​ការ​យក​លុយ​លើ​តុ​ក្រោម​តុ​ពី​ក្រុម​ឈ្មួញ និង​អាជីវករ​កាន់តែ​ច្រើនឡើងៗ​ពី​អាជីវករ​ដែល​រកស៊ី​ដឹកទំនិញ និង​ប្រជាពលរដ្ឋ​នាំ​ទំនិញ​ចេញ ចូល​ឆ្លងកាត់​តាម​ច្រក​មួយ​នេះ​ទៅ​តាម​ការ​បង្គាប់បញ្ជា​ឲ្យ​បង់​ប្រាក់តាម​ការកំណត់​មិន​អាច​រំលង​បាន​ហើយ​ការ​ដែល​បង់​ប្រាក់​ទាំងនោះ ភាគច្រើន​គឺ​បង់​ដោយ​គ្មាន​វិក្ក័​យ​បត្រពន្ធ​គយ​នោះទេ​?៕