លោក សៅ វណ្ណា នាយ​ប៉ុស្តិ៍​ន​ច្រកទ្វារ​ព្រំដែន​ដូង​ប្រព្រឹត្ត​អំពើ​ពុករលួយ​យូរ​ហើយ​ខណៈ​លោក ព្រំ វិរៈ​ស្នងការ​ខេត្ត​រក្សា​ភាពស្ងៀមស្ងាត់ !

ប្រភព​ស្និទ្ធ​នឹង​លោក សៅ វណ្ណា បានឲ្យដឹងថា លោក សៅ វណ្ណា មិន​ញញើត​ក្នុង​ការប្រើ​តួនាទី និង​អំណាច​របស់​ខ្លួន​ដើម្បី​ប្រមូល​លុយ​តាម​របៀប​ពុករលួយ​យ៉ាង​ពេញទំហឹង​នោះទេ ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ នៅក្នុង​ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង​។​

​អំពើពុករលួយ​របស់​លោក សៅ វណ្ណា អាច​ប្រព្រឹត្តទៅបាន​ដោយ​រលូន​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងទៅនេះ​គឺ​មាន​កិច្ចសហការ​ស៊ីសង្វាក់​គ្នា ពី​សំណាក់​លោក ឆេង សាវិន ប្រធានការិយាល័យ​គយ​ច្រកទ្វារព្រំដែន​តំបន់​ដូង​ផងដែរ​។ ហេតុនេះហើយ​ទើប​បច្ចុប្បន្ន​ឈ្មួញ​រកស៊ី​ទាំង​តូច​ទាំង​ធំ និង​ក្រុម​អាជីវករ​សម្រុក​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​គំហុក តាម​ច្រក​ដូង ដោយ​លោក សៅ វណ្ណា និង​លោក ឆេង សាវិន រួមដៃគ្នា​ប្រមូល​លុយ​ស្រេច​តែ​អំពើ​ចិត្ត​។​

​ប្រភព​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វារ​ព្រំដែន​តំបន់​ដូង ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង បានឲ្យដឹងថា មួយ​រយៈ​ចុង​ក្រោយ​នេះ​សមត្ថកិច្ច​នៅ​ច្រក​ដូង បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ពី​ស្រុក​យួន​កាន់តែ​ច្រើនឡើងៗ តាមរយៈ​ការ​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ពី​ស្រុក​យួន​យ៉ាងគំហុក​គឺ លោក សៅ វណ្ណា នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​តំបន់​ដូង​ប្រមូល លុយ​បាន​យ៉ាងច្រើន​ជា​រៀងរាល់ថ្ងៃ​។​

​រីឯ​លោក ព្រំ វិរៈ ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង និង​លោក​អភិបាលខេត្ត​ស្វាយរៀង សម្ងំ​ស្ងាត់ឈឹង ទោះបី​ទង្វើ​មិន​ប្រក្រតី​របស់​លោក សៅ វណ្ណា ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​តាម​រយៈ​សារព័ត៌មាន​យ៉ាងណាក៏ដោយ​។​

​ក្រុម​ឈ្មួញ និង​អាជីវករ​ដែល​រកស៊ី​នាំចូល​ទំនិញ​ពី​ស្រុក​យួន​តាម​ច្រក​ដូង បានឲ្យដឹងថា អាជីវកម្ម​របស់​ពួកគេ​នៅ​សល់​កម្រៃ​តិចតួច​ប៉ុណ្ណោះ ព្រោះ​អី​សម​ត្ថ កិច្ច​ជា​ច្រើន​ស្ថាប័ន​នៅ​ច្រកព្រំដែន និង​សមត្ថកិច្ច​នៅតាម​ផ្លូវ​គាប​យកលុយ​ច្រើនពេក​។ ក្រុម​ឈ្មួញ និង​អាជីវករ​បានឲ្យដឹង​ទៀត​ថា រាល់​ការបង់ លុយ​របស់​ពួកគាត់​មិន​ទទួលបាន​បង្កាន់ដៃ​បង់ប្រាក់ ឬ​វិក្ក​យ​ប័ត្រ​ត្រឹមត្រូវ​ឡើយ ហើយ​គ្មាន​នរណា​អាច​រំលង​លោក សៅ វណ្ណា នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​តំបន់​ដូង​បាន​ទេ​។​

​ជាពិសេស​ឈ្មួញ​ធំៗ​ដែល​រកស៊ី​នាំចូល​ទំនិញ​ពី​ស្រុក យួន តាម​ច្រក​ដូង ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោក សៅ វណ្ណា ដែល​កំពុង​ល្បីល្បាញ​ខ្លាំង​ខាង​ពុករលួយ​៕