កណ្តាល, ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ២០២១ (ម៉ោង 2:30)
ដោយ៖ ថៃ ប៊ុនរិទ្ធ
សេចក្តីរាយការណ៍ពីអ្នកស្និទ្ធនឹងលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង បានឲ្យដឹងថា រយៈពេលជាង២ឆ្នាំក្នុងតំណែងនេះគឺលោក យូ ហេង សាងភាពល្បីល្បាញខាងពុករលួយមានលក្ខខណ្ឌជាប្រព័ន្ធ តាមច្រើនរូបភាពដោយគ្មានញញើតអ្វីទាំងអស់ព្រោះអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា លោក យូ ហេង ទទួលបានតំណែងជាប្រធានសាខាគយខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ ហើយរហូតមកដល់ពេលនេះគឺលោក យូ ហេង នៅតែបណ្តោយឲ្យមេៗគយតាមច្រកព្រំដែនក្នុងស្រុកកំរៀង ស្រុកសំឡូត ស្រុកសំពៅលូននិងស្រុកភ្នំព្រឹក ធ្វើអ្វីៗតាមអំពើចិត្ត។
លើសនេះទៅទៀតលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង តែងយកឈ្មោះ លោក គុណ ញឺម អគ្គនាយកគយ ទន្ទេញជាប់មាត់ដើម្បីបិទបាំងទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់ខ្លួនយ៉ាងសុខស្រួល។
តាមការបង្ហើបពីមន្ត្រីគយនៅក្នុងអង្គភាពសាខាគយខេត្តបាត់ដំបង មួយចំនួនបានបង្ហើបឲ្យដឹងថា លោក យូ ហេង បានយកជំនាញនៃអំពើពុករលួយកាលនៅធ្វើជាប្រធានសាខាគយខេត្តឧត្តរមានជ័យ មកអនុវត្តន៍ក្នុងខេត្តបាត់ដំបង យ៉ាងរលូនគ្មានញញើតអ្វីទាំងអស់។
ហេតុនេះហើយទើបមានសេចក្តីអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិនិត្យឡើងវិញហើយចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង ខ្លះផង។ ដោយហេតុថា រយៈពេលជាង២ឆ្នាំកន្លងទៅនេះលោក គុណ ញឹម អគ្គនាយកគយ បណ្តោយឲ្យលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង និងមេៗគយតាមច្រកព្រំដែនក្នុងខេត្តបាត់ដំបង ឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងរាលដាល។
បើតាមសេចក្តីរាយការណ៍ពីមន្ត្រីពាក់ព័ន្ធនៅច្រកព្រំដែនក្នុងស្រុកកំរៀង ស្រុកសំឡូត ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ខេត្តបាត់ដំបង បានឲ្យដឹងថា ទំនិញដែលឈ្មួញធំៗនាំចូលពីប្រទេសថៃគឺបង់ពន្ធត្រឹម៣៥ទៅ៤០ភាគរយប៉ុណ្ណោះហើយក្រៅពីនេះគឺឈ្មួញបែងចែកផលប្រយោជន៍លើតុក្រោមតុជាមួយមន្ត្រីគយ។
សេចក្តីរាយការណ៍ស្និទ្ធនឹងលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង បានឲ្យដឹងថា ឈ្មួញធំៗដែលរកស៊ីនាំចូលទំនិញតាមច្រកព្រំដែនក្នុងខេត្តបាត់ដំបង សុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក យូ ហេង ដើម្បីឲ្យអាជីវកម្មរបស់ពួកគេប្រព្រឹត្តទៅដោយរលូនហើយទទួលបានផលចំណេញច្រើន។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា រយៈពេលជាង២ឆ្នាំកន្លងទៅនេះលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបងប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក ព្រោះមេគយធំៗក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បណ្តោយឲ្យលោក យូ ហេង ធ្វើអ្វីៗតាមអំពើចិត្ត៕