កណ្តាល, ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ២០២១(ម៉ោង 2:30)
ដោយ៖ ថៃ ប៊ុនរិទ្ធ
សេចក្តីរាយការណ៍ពីអ្នកស្និទ្ធនឹងលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ បានឲ្យដឹងថា នៅដើមឆ្នាំ២០២១នេះ លោក ឈុន សុភមង្គល បើកដៃឲ្យប្រធានការិយាល័យគយនៅច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង ក៏ដូចជាប្រធានការិយាល័គយនៅច្រកទ្វារអន្តរជាតិអូរស្មាច់ ក្រុងសំរោង និងនៅច្រកជប់គគីរ ស្រុកបន្ទាយអំពិលធ្វើអ្វីៗតាមអំពើចិត្ត។
ក្នុងនោះលោក កែវ សារ៉ាត់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង ឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងរលូន។ ការដែលលោក កែវ សារ៉ាត់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមានលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ជាបង្អែកដ៏រឹងមាំ។
តាមការបង្ហើបពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិជាំ បានឲ្យដឹងថា ចាប់តាំងពីដើមខែមករា ឆ្នាំ២០២១ រហូតមកដល់ពេលនេះគឺលោក កែវ សារ៉ាត់ មេគយច្រកទ្វារអន្តរជាតិជាំ ឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងសុខស្រួល។ដូច្នេះហើយទើបក្រុមគយចល័តក្រសួងឈរជើងនៅស្នាក់ការចំណុចភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង គាបយកលុយលើតុក្រោមតុពីក្រុមឈ្មួញនិងអាជីវករតាមអំពើចិត្ត។
ចំណែកលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ សម្ងំទទួលផលប្រយោជន៍យ៉ាងត្រជាក់ចិត្តព្រោះក្រុមឈ្មួញដែលនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមច្រកទ្វារអន្តរជាតិជាំ គឺជាប្រភពចំណូលដ៏សំខាន់របស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ដែលកំពុងសាងភាពល្បីល្បាញខាងពុករលួយ។
សេចក្តីរាយការណ៍ពីស្និទ្ធនឹងលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យបានឲ្យដឹងថា ដោយសារចំណាយដើមទុនអស់ច្រើនក្នុងការទទួលបានតំណែងជាប្រធានសាខាគយខេត្តឧត្តរមានជ័យ ទើបលោក ឈុន សុភមង្គល ខំប្រឹងស្រង់ដើមយ៉ាងតក់ក្រហល់។
ក្នុងនោះ ករណីលោក កែវ សារ៉ាត់ មេគយច្រកទ្វារអន្តរជាតិជាំ និងលោក វ៉ាន់ ក្តេ មេគយច្រកទ្វារអន្តរជាតិអូរស្មាច់ ក៏ដូចជាមេគយនៅច្រកជប់គគីរ បើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងគំហុកគឺជាប្រភពចំណូលដ៏ធំរបស់លោក ឈុនសុភមង្គល តែម្តង។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្តែតបណ្តោយតទៅទៀតទេព្រោះក្នុងតំណែងជាប្រធានសាខាគយខេត្តឧត្តរមានជ័យ ចាប់ តាំងពីអំឡុងខែមករា ឆ្នាំ២០១៩ មកដល់ពេលនេះគឺលោក ឈុន សុភមង្គល បើកដៃឲ្យមេៗគយតាមច្រកព្រំដែនក្នុងខេត្តឧត្តរមានជ័យ ប្រព្រឹត្តអំពើពុករលួយពេញទំហឹង៕