​ប្រធាន​និង​អនុប្រធាន​ស្ថានីយ៍​ថ្លឹង​រថយន្ត​និង​បក្សពួក​នៅ​ផ្លូវ​ជាតិ​លេខ​1​ភូមិ​ក្រ​សារជេទ​ឃុំ​រំចេក​ស្រុក​ព្រះស្ដេច​ខេត្ត​ព្រៃវែង​និង​បក្សពួក​សហការ​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ពេញបន្ទុក​មិន​ញញើត​អ្វី​ទាំងអស់​អាងខ្នង​ប្រធាន​មន្ទីរ​ខេត្ត​ព្រៃវែង

ស្ថានីយ៍​ថ្លឹង​រថយន្ត​នៅលើ​ផ្លូវជាតិ​លេខ​1​ភូមិ​ក្រ​សារជេទ​ឃុំ​រំចេក​ស្រុក​ព្រះស្ដេច​ខេត្ត​ព្រៃវែង ថ្លឹង​ទាំង​ឡាន​ប្រែក្លាយជា​ជញ្ជីង​ថ្លឹង​លុយ ។ ក្រុម​អ្នករកស៊ី​ដឹក​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​1​តែងតែ​រអ៊ូរទាំ​អំពី​ករណី​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត​ចំណុច​ឃុំ​រំចេក​ស្រុក​ព្រះស្ដេច​ថា​ឡាន​ក៏​ថ្លឹង​, លុយ​ក៏​ថ្លឹង ទោះបីជា​មិន​លើស​ទម្ងន់​ក៏​បងៗ​ដែល​ប្រចាំការ​នៅ​ទីនោះ​សុំ​លុយ​ថ្លៃ​បាយ​ទឹក​និង​កាហ្វេ​ផងដែរ វា​ក្លាយទៅជា​ទម្លាប់​ដែល​គួរឲ្យ​ស្អប់ខ្ពើម និង​ថា​តើ​ពួក​មន្ត្រី​ទាំងនោះ​មក​ធ្វើការ មិន​បាន​ទទួល​ប្រាក់បៀវត្ស​ពី​រដ្ឋាភិបាល​ទេ​ឬ​?

​ក្រុម​មន្ត្រី​នៅ​មន្ទីរ​នេះ​បាន​និយាយថា ដោយ​មាន​ការឃុបឃិត​គ្នា​ពី​ថ្នាក់ដឹកនាំ​មន្ទីរ ទើប​ក្រុម​មន្ត្រី​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត​ឃុំ​រំចេក​ស្រុក​ព្រះស្ដេច រក​វិធី​គ្រប់បែប​យ៉ាង​ដើម្បី​ប្រមូលប្រាក់​ឲ្យបាន​ច្រើន ពីព្រោះ​វា​ជា​មុខមាត់​របស់​ស្ថានីយ​ផង និង​មាន​ចំណូល​ដាក់​ក្នុង​ហោប៉ៅ​បាន​ច្រើន​ផង​។​

​ក្រុម​អ្នកបើករថយន្ត​ភាគច្រើន​បាន​ព្យាយាម​គេច​វាង​តាម​ផ្លូវ​ផ្សេង​ពីព្រោះ​តែ​មន្ត្រី​នៅ​ប្រចាំការ​នៅ​ស្ថានីយ​មួយ​នេះ​ទារលុយ​ច្រើនៗ​ពេក​បើ​ទោះប្បី​ជា​មាន​ការ​លើស​ទម្ងន់​បន្តិចបន្តួចក៏​ដោយ​ជា​ង​នេះ​ទៅទៀត​បើ​ទោះប្បី ជា​មិន​លើស​ទម្ងន់​ក៏​មន្ត្រី​នៅ​ទីនោះ​ហាមាត់​លូក​ដៃ​សុំ​លុយ​ថ្លៃ​បាយ​ទឹក​កាហ្វេ​ប្រចាំ​ថ្ងៃ​នោះ​ដែរ ក្រុម​អ្នករកស៊ី​ដឹក​ទំនិញ​ទទួលស្គាល់ថា ការដឹកជញ្ជូន​អាចមាន​លើស​ទម្ងន់​បន្តិចបន្តួច ប៉ុន្តែ​មិន​ដល់​ថ្នាក់​រាប់​តោន​នោះ​ទេ រី​ឯ​ពួក​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត រំចេក​នេះ​បន់​ឲ្យតែ​មាន​រថយន្ត​លើស​ទម្ងន់​ដើម្បី​សង្កត់​ក យក​លុយ​តែប៉ុណ្ណោះ​។​

​រឿង​ពួក​មន្ត្រី​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត នៅលើ​ផ្លូវជាតិ​លេខ 1​នៅ​ចំណុច​ឃុំ​រំចេក​នេះ​ពិតជា​បង្ក​ឲ្យមាន​ការ​ក្តៅ ក្រហាយ​ដល់​អ្នក​រកស៊ី​ដឹក​ទំនិញ​នានា​ហើយ​ជាពិសេស​ពួក​អ្នក​ដឹក​ទំនិញ​មួយចំនួន​ឆ្លៀត​ឱកាស​វាង​ផ្លូវ ដែល​បណ្ដាល​ឲ្យ​ផ្លូវ​ដទៃ​ខូចខាត​។ រីឯ​ក្រុម​មន្ត្រី​ដែល​ប្រចាំការ​នៅ​ទីនោះ​គឺ​ដឹង​តែ​ពី​យក​លុយ ទោះប្បី​ជា​មិន​លើស​ទម្ងន់ឬ​លើស​តិចតួច​ក៏​ដោយ អ្វី​ដែល​សំខាន់​នៅពេលដែល​ពួកគេ​រក​លុយ​បាន​ច្រើន​គឺជា​មោទនភាព​ដោយ​មិនដឹង​ថា​លុយ​ដែល​បាន​ច្រើន​គឺជា​ការបំផ្លាញ​ផ្លូវ​នោះ​ទេ​។​